17/11/2021
១០ខែឆ្នាំនេះ ជំងឺគ្រុនចាញ់ធ្លាក់ចុះមកនៅត្រឹមជាង៣ពាន់ករណី គ្មានករណីស្លាប់ ក្រោមប្រតិបត្ដិផែនការយុទ្ធសាស្ដ្រជាតិផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន៖
គិតត្រឹម១០ខែឆ្នាំ២០២១ ជំងឺគ្រុនចាញ់នៅកម្ពុជា បានធ្លាក់ចុះគួឪ្យកត់សម្គាល់ ធ្លាក់ពីមានការធ្លាក់ចុះពីចំនួន៩,២៣៤ករណី ឆ្នាំ២០២០ មកត្រឹមចំនួន ៣,៥០៤ករណី និងគ្មានករណីស្លាប់នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល។
តាមរយៈបទសម្ភាសជិត៣០នាទីជាមួយបណ្ដាញព័ត៌មាន Fresh News លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងថា «មុនពេលយើងមិនទាន់អនុវត្ដផែនការយុទ្ធសាស្ដ្រាជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ករណីជំងឺគ្រុនចាញ់ មានចំនួនខ្ពស់ណាស់ រហូតដល់ជិត២០ម៉ឺនករណី និងស្លាប់ពី១០០-៩០០ករណីក្នុងមួយឆ្នាំៗបើគិតចាប់ពីទស្សវត្សទី៩០មក ។ ប៉ុន្ដែបន្ទាប់ពីអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ជំងឺគ្រុនចាញ់បានធ្លាក់ចុះមកជាបន្ដបន្ទាប់នៅក្រោមម៉ឺនករណីក្នុងមួយឆ្នាំ ហើយបើគិតត្រឹម១០ខែឆ្នាំ២០២១ មានចំនួនតែជាង៣ពាន់ករណីប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះទេ»។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «បើខ្ញុំគិតពីវឌ្ឍនភាព គឺយើងកំពុងតែទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ហើយសន្មត់យ៉ាងច្បាស់ថា ផែនការយុទ្ធសាស្ដ្រជាតិ ដែលផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា គឺពិតជាមានប្រសិទ្ធភាពច្បាស់ណាស់ ព្រោះយើងទទួលបានសមិទ្ធិផលវិជ្ជមានប្រមាណ៨០%រួចជាស្រេច នៅក្នុងការកាត់បន្ថយអត្រាឈឺដោយជំងឺគ្រុនចាញ់ នេះគឺជាការទទួលបានសូចនាករជោគជ័យ ៣ឆ្នាំមុនផែនការគ្រោងទុក»៕
https://www.youtube.com/watch?v=4t48NqRV9L0