09/10/2023
សារតបបំភ្លឺរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
(ភាគ ១/២)
សារតបបំភ្លឺដល់អ្នករិះគន់ខ្ញុំមួយចំនួន
ថ្មីៗនេះមានគ្រូពេទ្យនិងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួនបានប្រតិកម្មទៅនឹងឃ្លីបវីដេអូរបស់ខ្ញុំមួយ ដែលវីដេអូនោះត្រូវបានកាត់ជាកំណាត់ៗចេញពីកម្មវិធីវេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា លើប្រធានបទ «គោលការណ៍ភាពជាអ្នកដឹកនាំ» ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានអញ្ជើញខ្ញុំធ្វើជាវាគ្មិនកិត្តិយស និងកម្មវិធីសន្និសីទលើប្រធានបទ «សរីរវិទ្យានៃសុខភាពផ្លូវចិត្ត» ដែលសមាគមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រកម្ពុជាអញ្ជើញខ្ញុំធ្វើជាវាគ្មិនកិត្តិយស។ ខ្ញុំពិតជាស្រពោនចិត្តជាខ្លាំងចំពោះមតិប្រតិកម្មបែបក្ដិចត្រួយជាន់ពន្លិចដោយគ្មានក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកទាំងនោះ។ ខ្ញុំនឹងរីករាយទទួលយកមតិរិះគន់ក្នុងន័យស្ថាបនារបស់លោកអ្នក ប្រសិនបើខ្ញុំពិតជាខុស។ ប៉ុន្តែវីដេអូឃ្លីបរបស់ខ្ញុំនោះពិតជាមិនខុសទេ ព្រោះខ្ញុំពន្យល់អំពីការប្រើប្រាស់ថ្នាំទៅកាន់និស្សិតពេទ្យ និងនិស្សិតស្ម័គ្រចិត្តដែលស្រាវជ្រាវអំពីជំងឺបាក់ទឹកចិត្តដែលកើតលើពលរដ្ឋដែលឆ្លងកាត់របប ប៉ុល ពត។ លោកអ្នកគួរតែស្ដាប់វីដេអូខ្ញុំពីដើមដល់ចប់ ស្ដាប់ដោយប្រើវិចារណញ្ញាណ ជាពិសេសនោះត្រូវយល់ថាឃ្លីបវីដេអូនោះ ខ្ញុំនិយាយក្នុងកម្មវិធីអ្វី និយាយទៅកាន់នរណា ហើយហេតុអ្វីបានជាខ្ញុំនិយាយបែបនោះ? វីដេអូដែលខ្ញុំចេញផ្សាយនោះ គឺមាននិស្សិតម្នាក់បានក្រោកឡើងសួរសំណួរមកកាន់ខ្ញុំដោយគាត់មានអាការៈភ័យ ញ័រដៃជើង និយាយមិនចេញ។ គាត់ក៏បាននិយាយថា អាការៈភ័យញ័រដៃជើងនេះ ជាទម្លាប់របស់គាត់ទៅហើយ។ ក្រោយស្ដាប់គាត់បកស្រាយអំពីអាការៈរបស់គាត់យ៉ាងល្អិតល្អន់ ខ្ញុំក៏ឱ្យគាត់ណាត់ជួបខ្ញុំដើម្បីពិគ្រោះជំងឺនេះបន្ថែម ហើយខ្ញុំក៏បានប្រកាសប្រាប់និស្សិតពេទ្យដែលចូលរួមក្នុងសន្និសីទនោះទាំងអស់ ឱ្យមកជួបពិគ្រោះជំងឺជាមួយខ្ញុំផងដែរ ប្រសិនបើពួកគាត់មានអាការៈបែបនោះ។ បន្ទាប់មក ខ្ញុំក៏ប្រកាសប្រាប់ឈ្មោះថ្នាំសម្រាប់ព្យាបាលជំងឺភ័យនេះ គឺថ្នាំ Propranolol ដែលជាថ្នាំ Beta Blocker ត្រូវបានគេប្រើក្នុងជំនាញខាងផ្នែកបេះដូង ដែលព្យាបាលសម្ពាធឈាមឡើងនិងផ្នែកផ្សេងៗទៀតដូចជា Angina Pectoris, Arrhythmias, Myocardial infarction, Migraine Prophylaxis, Benign Essential Tremor, Aortic Stenosis ។ល។ នៅក្នុងវេជ្ជសាស្ត្រ មានថ្នាំច្រើនណាស់ដែលគេប្រើOff-Label (ការប្រើប្រាស់ថ្នាំសំដៅទៅលើការអនុវត្តវេជ្ជបញ្ជាថ្នាំក្នុងគោលបំណងខុសពីអ្វីដែល FDA បានអនុម័ត។ ការអនុវត្តនេះ ត្រូវបានគេហៅថា “Off-Label” ដោយសារតែថ្នាំកំពុងត្រូវបានប្រើប្រាស់តាមរបៀបដែលមិនត្រូវបានពិពណ៌នាលើការបញ្ចូលកញ្ចប់របស់វា) ពោលគឺគេប្រើសម្រាប់ព្យាបាលជំងឺផ្សេងៗ ក្នុងបរិមាណផ្សេងៗគ្នា។ បើប្រើព្យាបាលសម្ពាធឈាមឡើង គេប្រើថ្នាំ Propranolol បរិមាណ៤០ទៅ២៤០មិល្លីក្រាម។ បើប្រើព្យាបាលជំងឺភ័យ គេប្រើត្រឹមតែ៥ទៅ១០មិល្លីក្រាមទេ ព្រោះភាគច្រើនអ្នកជំងឺភ័យ គឺមានបេះដូងខ្សោយ។ ជំងឺភ័យ មានដូចជាជំងឺ Stage Fright, Social Phobia និង Social Anxiety Disorder (SAD) ជាដើម។ ភាគច្រើនអ្នកជំងឺមានសម្ពាធឈាមទាប ជីបចរខ្សោយ ដូច្នេះយើងព្យាបាលគាត់ដោយថ្នាំនេះដែរ តែឱ្យថ្នាំក្នុងបរិមាណតិច។ ការព្យាបាលបែបនេះមានបទពិសោធរាប់ពាន់ដងមកហើយ ហើយថ្នាំនេះក៏ត្រូវបានគេយកមកព្យាបាលក្នុងផ្នែកជំនាញផ្លូវចិត្តដូចគ្នាដែរ។ ដូចគ្នានេះដែរ ថ្នាំមួយចំនួនសុទ្ធតែមានមុខងារព្យាបាលជំងឺច្រើនមុខ តាមជំនាញរបស់គេនីមួយៗ ដូចជា Imipramine, Loratadine, Proscar និងថ្នាំ Atorvastatin ជាដើម។
គ្រូពេទ្យក្មេងខ្ចីខ្លះរិះគន់បែបឌឺដងខ្ញុំថា «កុំចេះតែឯងពេក ទុកឱ្យគេអ្នកជំនាញខ្លះផង»។ ខ្ញុំមិនបានដណ្ដើមការរកស៊ីរបស់លោកអ្នកទេ ខ្ញុំគ្រាន់តែចែករំលែកចំណេះដឹងទៅដល់ប្រជាជនខ្មែរដើម្បីជួយពួកគាត់ឱ្យរស់នៅដោយមានសុខភាពល្អនិងមិនក្រលំបាកវេទនាដោយសារជំងឺប៉ុណ្ណោះ។ បើលោកអ្នកមានទឹកចិត្តចង់ជួយប្រជាជនខ្មែរមែននោះ ត្រឹមតែផលិតវីដេអូស្ដីពីចំណេះដឹងសុខភាពជូនប្រជាជនខ្មែរបានទស្សនា ឬព្យាបាលអ្នកជំងឺដោយក្រមសីលធម៌វិជ្ជាជីវៈទៅបានហើយ មិនចាំបាច់ដល់ថ្នាក់ទៅចំណាយទ្រព្យធនផ្ទាល់ខ្លួនរាប់លានដុល្លារដើម្បីព្យាបាលប្រជាពលរដ្ឋក្រីក្រដូចខ្ញុំនោះទេ នោះប្រជាពលរដ្ឋមានក្ដីអំណរពេកទៅហើយ។ អស់លោកអ្នកមួយចំនួនអើយ! ចូរបើកចិត្តទទួលយកចំណេះដឹងថ្មីៗខ្លះទៅ! ចូរស្រាវជ្រាវនូវចំណេះដឹងថ្មីៗបន្តិចទៅ! ចូរកុំធ្វើជាកង្កែបក្នុងក្អមអី! អាណិតប្រជាជនខ្មែរខ្លះផង!
តើលោកអ្នកធ្លាប់ឮពាក្យថា Family Doctor ដែរឬទេ? Family Doctor គឺគ្រូពេទ្យប្រចាំគ្រួសារ ដែលអាចព្យាបាលជំងឺទូទៅ។ នៅសហរដ្ឋអាមេរិក Family Doctor នេះត្រូវរៀនបរិញ្ញាបត្រក្នុង Pre-Med ត្រៀមវេជ្ជសាស្ត្រា២ឆ្នាំ។ ក្រោយមក ត្រូវរៀនមូលដ្ឋានវេជ្ជសាស្ត្រទូទៅ២ឆ្នាំទៀត។ បន្ទាប់មកទៀត ត្រូវប្រឡងចូលថ្នាក់មូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (Clinical Rounds) រយៈពេល២ឆ្នាំទៅ៣ឆ្នាំទៀត ដោយត្រូវចាប់ផ្តើមហ្វឹកហ្វឺនលើជំនាញផ្សេងៗដូចជា ជំនាញវះកាត់ទូទៅ ជំនាញរោគស្ត្រី ជំនាញឆ្លងទន្លេ ជំនាញព្យាបាលជំងឺគ្រួសារ ជំនាញព្យាបាលជំងឺផ្លូវចិត្ត ជំនាញព្យាបាលជំងឺគ្រប់សរីរាង្គទាំងអស់ (Internal Medicine) ផ្នែកជំងឺស្រាវជ្រាវ ជំនាញវះកាត់ឆ្អឹង ជំនាញពេទ្យកុមារ ជំនាញពេទ្យចាស់ជរា ជំនាញពេទ្យទូទៅ ជំនាញសង្គ្រោះបន្ទាន់ X-Ray និងជំនាញជាច្រើនទៀត ដែលជាតម្រូវការរៀនក្នុងរយៈពេល២ទៅ៣ឆ្នាំហ្នឹង។ បន្ទាប់មកទៀត ទើបត្រូវចាប់យកជំនាញឯកទេសផ្សេងៗ (Specialized) ដែលត្រូវរៀនចាប់ពី១១ឆ្នាំ ទៅ១៦ឆ្នាំ។
ចំពោះខ្ញុំគឺជំនាញព្យាបាលទូទៅ (Family Medicine) ដែលផ្ដោតជាពិសេសទៅលើសុខភាពសាធារណៈ ជំងឺកុមារនិងជំងឺផ្លូវចិត្ត។ វេជ្ជបណ្ឌិតប្រចាំគ្រួសារមានសិទ្ធិព្យាបាលជំងឺទូទៅទាំងអស់ដែលតែងតែកើតមាននៅក្នុងគ្រួសារនីមួយៗបាន។ ក្នុងករណីជួបប្រទះនឹងជំងឺដែលមានភាពស្មុគស្មាញខ្លាំង ពិបាកព្យាបាល និងមានស្ថានភាពធ្ងន់ធ្ងរហួសពីសមត្ថភាព ទើបវេជ្ជបណ្ឌិតប្រចាំគ្រួសារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជំនាញឯកទេស។ ប៉ុន្តែកម្រជួបបញ្ហាបែបនេះណាស់។
អ្នកខ្លះរិះគន់ខ្ញុំថា «ឃើញបើកតែសាលារៀនសោះ រួចចេះទៅព្យាបាលគេទៅកើត»។ ជារឿងគួរអស់ចំណើចដែរ ដែលពួកគាត់រិះគន់ខ្ញុំបែបនេះ។ គាត់អត់បានស្រាវជ្រាវថាខ្ញុំមានប្រវត្តិបែបណា មកពីណា ហើយកំពុងតែធ្វើអ្វីខ្លះ។ ខ្ញុំសូមពន្យល់ឱ្យច្បាស់ថា ខ្ញុំធ្វើជាវេជ្ជបណ្ឌិត Fellow ផ្នែកខាង IMCI ដែលមានតួនាទីជា អ្នកប្រឹក្សាយោបល់នៃគម្រោងសមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness) និងសុខភាពសាធារណៈ របស់អង្គការដៃគូដើម្បីការអភិវឌ្ឍ (Partners for Development) ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ខ្ញុំសូមបញ្ជាក់ទៀតថា ដើម្បីអាចក្លាយជាពេទ្យ Fellow គឺទាល់តែខ្ញុំបានរៀនចប់ជំនាញពេទ្យ ហើយខ្ញុំមានចំណេះដឹងសមស្របតាមលក្ខខណ្ឌ ទើបគេទទួលយកបាន។ មិនតែប៉ុណ្ណោះ មុននឹងចុះមកបំពេញបេសកកម្មព្យាបាលជំងឺកុមារនៅខេត្តក្រចេះ ខ្ញុំក៏ជាសាស្ត្រាចារ្យវិទ្យាសាស្ត្របង្រៀនផ្នែកវេជ្ជសាស្ត្រនិង វិទ្យាសាស្ត្រអស់រយៈពេលជាង៥ឆ្នាំដែរ។ លុះក្រោយចប់ជាវេជ្ជបណ្ឌិត Fellow នៅអង្គការដៃគូដើម្បីការអភិវឌ្ឍ (Partners for Development) នារដ្ឋ Maryland ខ្ញុំក៏បានរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈផងដែរ។ ជារួម ខ្ញុំបានចេញបង្រៀនលើជំនាញពេទ្យអស់រយៈពេល៣ឆ្នាំកន្លះនៅ សហរដ្ឋអាមេរិក បានចុះអនុវត្តព្យាបាលក្នុងនាមជាវេជ្ជបណ្ឌិត Fellow ១ឆ្នាំ នៅខេត្តក្រចេះលើជំនាញជំងឺកុមារនិងធ្លាប់បានឆ្លងកាត់ការងារជាសាស្ត្រាចារ្យនិងស្ថាបនិកព្រឹទ្ធបុរសសម្រាប់មហាវិទ្យាល័យសុខភាពសាធារណៈ (College of Public Health) និងធ្លាប់ធ្វើជាអនុប្រធានផ្នែកសិក្សាធិការ (Vice Chairman of Academic) នៅសាកលវិទ្យាល័យមួយផងដែរ។ ក្រោយមក ចាប់ពីឆ្នាំ២០០៥មកដល់បច្ចុប្បន្ននេះ ខ្ញុំបានបើកគ្លីនិកផ្ទាល់ខ្លួនដែលបានពិគ្រោះ ពិនិត្យ និងព្យាបាលអ្នកជំងឺជាង៥សែននាក់មកហើយជាមួយបុគ្គលិកពេទ្យរបស់ខ្ញុំ។
ខ្ញុំសូមជម្រាបថា សាលារៀនរបស់ខ្ញុំមានមជ្ឈមណ្ឌលព្យាបាលជំងឺដល់ទៅ១២កន្លែងឯណោះ(១២កន្លែងទាំងកន្លែងខ្ញុំផ្ទាល់) ខ្ញុំនិងបុគ្គលិកពេទ្យរបស់ខ្ញុំកំពុងព្យាបាលសិស្សជាង២ម៉ឺននាក់ បុគ្គលិកនិងក្រុមគ្រួសាររបស់បុគ្គលិកខ្ញុំជាង១ម៉ឺននាក់ ព្រមទាំងអ្នកជំងឺក្រីក្រទុគ៌តផ្សេងៗរាប់ពាន់ម៉ឺននាក់ទៀត។ ខ្ញុំបានចំណាយថវិកាដែលរកបានដោយកម្លាំងញើសឈាមរបស់ខ្ញុំអស់ជិត១០លានដុល្លារមកហើយ លើការព្យាបាលជំងឺប្រជាជនយើង ដោយព្យាបាលតាមរយៈគ្លីនិករបស់ខ្ញុំទាំង១២កន្លែងខាងលើជាប្រចំា និងតាមរយៈកម្មវិធី គ្លីនិកព្យាបាលចល័ត (Mobile Clinic) របស់ខ្ញុំ ដែលមកទល់នឹងពេលនេះ យើងបានធ្វើសកម្មភាពព្យាបាលបានចំនួន៣៦លើករួចមកហើយ ហើយនឹងត្រៀមធ្វើជាបន្តបន្ទាប់ទៀត ដោយយើងបានចុះព្យាបាលប្រជាពលរដ្ឋក្រីក្រតាមសហគមន៍នានា។ ចុះអស់លោកអ្នកដែលរិះគន់ខ្ញុំ តើបានជួយអ្វីខ្លះដល់ប្រទេសនិងប្រជាពលរដ្ឋខ្មែរ? ដូច្នេះ ឆ្លងកាត់បទពិសោធរៀនសូត្រ ឆ្លងកាត់បទពិសោធព្យាបាលអ្នកជំងឺ និងឆ្លងកាត់បទពិសោធជីវិតរស់នៅក្នុងស្រុកខ្មែរអស់រយៈពេលជាង២០ឆ្នាំមកនេះ ខ្ញុំយល់យ៉ាងច្បាស់អំពីការព្យាបាល របស់ខ្ញុំ ខ្ញុំយល់យ៉ាងច្បាស់អំពីជំងឺរបស់ប្រជាពលរដ្ឋជាទីស្រឡាញ់របស់ខ្ញុំ។
ក្នុងនាមជាពេទ្យ ពេលណាធ្វើសិក្ខាសាលា ពេលណាបង្រៀន ពេលណាធ្វើសន្និសីទ គឺយើងមានកាតព្វកិច្ចឆ្លើយតបនឹងសំណួររបស់សិស្ស និស្សិត ឬសិក្ខាកាម ដែលបានសួរមកកាន់យើង។ វាជារឿងធម្មតារបស់គ្រូពេទ្យទេ ដែលត្រូវបង្រៀននិងពន្យល់អំពីវិធីព្យាបាលដល់ពួកគេ។ សូម្បីអស់លោកអ្នកដែលរិះគន់ខ្ញុំ ក៏ខ្លួនឯងធ្លាប់បានបង្រៀន ធ្លាប់បានពន្យល់ដែរ គ្រាន់តែអស់លោកអ្នកមិនបានថតជាវីដេអូចេញផ្សាយ មិនបានរក្សាទុកជាឯកសារ ដ្បិតលោកអ្នកមានភាពខ្មាសអៀន ឬគ្មានចំណេះដឹងច្បាស់លាស់ ឬក៏គ្មានលទ្ធភាពក្នុងការផលិតវីដេអូដើម្បីចែកចាយដល់ប្រជាពលរដ្ឋយើង។ ខ្ញុំបានចំណាយថវិកាច្រើនណាស់ក្នុងការផលិតវីដេអូកន្លងមក ដើម្បីចែកចាយដល់ប្រជាពលរដ្ឋខ្មែរ ឱ្យពួកគាត់ស្ដាប់ដើម្បីទទួលបានចំណេះដឹងឬព័ត៌មានផ្សេងៗ។ ក្នុងវីដេអូដែលអស់លោកអ្នករិះគន់ខ្ញុំនោះ ខ្ញុំពុំមែនជំរុញឱ្យពួកគាត់ទៅទិញថ្នាំទេ គឺខ្ញុំពន្យល់អំពីជំងឺនិងការព្យាបាលជំងឺទៅដល់និស្សិតពេទ្យ និង និស្សិតស្ម័គ្រចិត្តដែលចុះស្រាវជ្រាវពីជំងឺបាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលឆ្លងកាត់របប ប៉ុល ពត ហើយក្នុងនាមជាពេទ្យ ខ្ញុំមានសិទ្ធិពេញលេញក្នុងការពន្យល់ប្រាប់ពួកគេ ពីព្រោះព័ត៌មានទាំងអស់នេះ វាមាននៅគ្រប់កន្លែងទាំងអស់ក្នុងទីសាធារណៈ។ ដូច្នេះទោះខ្ញុំមិនប្រាប់ក៏គេដឹងដែរ តាមហ្គូហ្គល តាមសៀវភៅ ជាដើម។ សំខាន់ មុនពេលគាត់ទៅទិញថ្នាំ គាត់អាចមកជួបខ្ញុំឬជួបគ្រូពេទ្យរបស់គាត់ ដើម្បីពិគ្រោះជំងឺនិងចេញវេជ្ជបញ្ជា។ ផ្ទុយពីនេះ បើគាត់ទៅទិញថ្នាំតាមចិត្តឯងដោយគ្មានវេជ្ជបញ្ជា ហើយហ្វាម៉ាស៊ីលក់ថ្នាំឱ្យគាត់ គឺហ្វាម៉ាស៊ីហ្នឹងហើយដែលជាអ្នកខុស។ ឧទាហរណ៍ថា ប្រសិនបើនិស្សិតពេទ្យក្នុងសិក្ខាសាលានោះសួរខ្ញុំថា «តើថ្នាំអ្វីព្យាបាលខ្លាញ់ក្នុងបេះដូងឬខ្លាញ់ក្នុងសរសៃឈាម?» ខ្ញុំនឹងប្រាប់គាត់ថា គឺថ្នាំ Atorvastatin ថ្នាំ Ezetrol ។ល។និង។ល។ ខ្ញុំនៅតែឆ្លើយបំភ្លឺដដែលថា ការបង្រៀននិស្សិតពេទ្យឬសិក្ខាកាមទាក់ទងនឹងជំងឺនិងវិធីព្យាបាល គឺជាទំនួលខុសត្រូវរបស់អ្នកចេះដឹង គ្រូពេទ្យ និងបណ្ឌិតផ្សេងៗ។ សំខាន់នៅពេលអ្នកជំងឺទៅទិញថ្នាំ តើពេទ្យឬហ្វាម៉ាស៊ីផ្សេងៗលក់ថ្នាំឱ្យអ្នកជំងឺឬក៏អត់ ប្រសិនបើអ្នកជំងឺទៅទិញដោយគ្មានវេជ្ជបញ្ជា។ បើសិនជាពេទ្យឬហ្វាម៉ាស៊ីលក់ថ្នាំឱ្យអ្នកជំងឺ នោះគឺពេទ្យឬហ្វាម៉ាស៊ីដែលលក់ថ្នាំឱ្យអ្នកជំងឺនោះជាអ្នកខុស ព្រោះគាត់លក់ខុសច្បាប់។
ហេតុអ្វីអ្នកខ្លះមានចិត្តចង្អៀតចង្អល់ម្ល៉េះ ចេះតែហៅខ្ញុំថា ដុកទ័រពហុជំនាញ? ខ្ញុំសូមប្រាប់ថា ក្នុងនាមជាគ្រូពេទ្យ Family Doctor បើយើងមិនព្យាបាលជំងឺទូទៅទាំងអស់ តើយើងធ្វើអ្វីទៅ? នៅប្រទេសណាក៏ដូចប្រទេសណាដែរ ពេទ្យ Family Doctor នេះ ព្យាបាលជំងឺទូទៅទាំងអស់ លើកលែងតែយើងចង់បានលុយគេ យើងទាញគេទៅពេទ្យជំនាញឯកទេស ព្រោះពេទ្យឯកទេសស៊ីលុយថ្លៃ។ Family Doctor នៅពេលយើងធ្វើយូរៗទៅ ស្រាវជ្រាវយូរៗទៅ មានបទពិសោធច្រើនទៅ យើងអាចព្យាបាលស្ទើរតែទាំងអស់ លើកលែងតែករណីស្មុគស្មាញនិងករណីដែលខ្ញុំគ្មានសមត្ថភាពព្យាបាល ទើបខ្ញុំបញ្ជូនអ្នកជំងឺទៅពេទ្យជំនាញឯកទេស។
ខ្ញុំបានព្យាបាលអ្នកជំងឺច្រើនជាងលោកអ្នកដែលរិះគន់ខ្ញុំទៅទៀត ហើយខ្ញុំបានរៀនចប់ពេទ្យតាំងពីលោកអ្នកមួយចំនួនមិនទាន់កើតផង។ ក្មួយៗខ្លះមិនទាន់ជ្រុះពន្លៃពីក្បាលផង តែហ៊ានដៀលខ្ញុំ នេះពិតជាព្រហើនណាស់! ចំណែកសាស្ត្រាចារ្យខ្លះមានចំណេះដឹងចាស់គំរឹល បង្រៀនសាលាពេទ្យពីរបីសាលា តែមិនទាន់យល់ថាជំនាញពេទ្យមានជំងឺផ្លូវចិត្ត ដែលក្នុងនោះជំងឺភ័យក៏ជាជំងឺផ្លូវចិត្តមួយដែរ ដែលគេហៅថា Stage Fright, Social Phobia និង Social Anxiety Disorder ។ ក្នុងនាមគាត់ជាពេទ្យមួយរូបនិងគេដែរ តែគាត់បែរជាហ៊ានបដិសេធនឹងខ្ញុំថាគ្មានជំងឺនេះទៅវិញ។ នេះបង្ហាញថា គាត់ពិតជាបុរាណនិយមពេកហើយ ពោលគឺគាត់ខ្វះការធ្វើបច្ចុប្បន្នកម្ម ខ្វះការសិក្សាស្រាវជ្រាវបន្ត។ គួរតែបើកភ្នែកឡើង! ពេលនេះគឺសតវត្សទី២១ហើយ! យើងដើរដល់សម័យឌីជីថលក្នុងឧស្សាហកម្មបច្ចេកវិទ្យា៤.០ហើយ! គេធ្វើបច្ចុប្បន្នកម្ម គេរៀនអ្វីដែលថ្មី គេពង្រឹងសមត្ថភាពអនុវត្តវេជ្ជសាស្ត្រ! ពេទ្យស្រុកគេរៀនចប់អត់ទាន់បើកគ្លីនិកខ្លួនឯងភ្លាមៗទេ គឺគេធ្វើការជិត១០ឆ្នាំសិនដើម្បីបានបទពិសោធក្រាស់ក្រែល។ ចំណែកពេទ្យស្រុកខ្មែរខ្លះរៀនចប់ភ្លាមបើកគ្លីនិកភ្លាម ហើយស្រួលមិនស្រួលរៀនចប់អត់បានចុះស្ដាពេញលក្ខណៈទៀត។ រៀនក្នុងសាលាកន្លះថ្ងៃ ហើយមានពេលទៅរៀនបរិញ្ញាបត្រទៀត។ ស្រុកគេរៀនពីព្រលឹមដល់យប់ជ្រៅ។ គេរៀនប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ ហើយជាអប្បបរមាគេរៀនរយៈពេល១១ឆ្នាំទៅ១៦ឆ្នាំ ទៅតាមឯកទេសនីមួយៗ។ ចំណែកក្មួយៗទើបតែជំនាន់ក្រោយសោះ ម្នាក់ៗបែរជាមានមោទនភាពជ្រុល។ ឯជំនាន់ចាស់មួយចំនួនបែរជាអត់ព្រមរៀនរបស់ថ្មី អត់ស្រាវជ្រាវរបស់ថ្មី ហើយថែមទាំងហ៊ានជេរខ្ញុំជាសាធារណៈដោយសារខ្ញុំនិយាយអំពីជំងឺភ័យ។ គាត់ថែមទាំងនិយាយទៀតថា គ្មានជំងឺភ័យទេ។ គាត់ហ៊ាននិយាយដៀលខ្ញុំទាំងដែលគាត់អត់ដឹងថាមានជំងឺនេះ។ គាត់អត់ដឹងអីសោះ ហើយហ៊ានជេរខ្ញុំ ថែមទាំងនាំគ្នាជេរតាមៗគ្នាទៀត។ គាត់ងងឹតងងុលបែបនេះ បើនៅបរទេសគេថាគាត់ល្ងង់ ហើយគេសើចរយះមាត់។ មកពីយើងនៅតែងងឹតងងល់ នៅតែគុំកួន នៅតែចង្អៀតចង្អល់ នៅតែចាំកាប់ចាក់គ្នាអ៊ីចឹងហើយ បានជាប្រទេសយើងមិនលូតលាស់។ ប្រហែលជាអស់លោកអ្នកមិនបានតាមដានទេ បានជាមិនដឹងថាជំងឺភ័យជាជំងឺផ្លូវចិត្ត ហើយកើតមានលើមនុស្សពិតប្រាកដមែន។ ប្រសិនបើមានពេទ្យដូចលោកអ្នកច្រើននាក់ តើប្រជាជនខ្មែរនឹងវេទនាយ៉ាងណាទៅ?
ពេទ្យព្យាបាលជំងឺផ្លូវចិត្ត អត់ចាំបាច់តែជំនាញខាងផ្លូវចិត្តទេ ពោលពេទ្យទូទៅក៏អាចព្យាបាលជំងឺផ្លូវចិត្តបានដែរ ឱ្យតែគេផ្ដោតការយកចិត្តទុកដាក់ស្រាវជ្រាវ ហើយមានបទពិសោធក្នុងការព្យាបាល។ អ៊ីចឹងខ្ញុំបានព្យាបាលអ្នកជំងឺរបស់ខ្ញុំរាប់ពាន់ម៉ឺននាក់មកហើយ ហើយខ្ញុំក៏បានជួយពួកគេឱ្យជាសះស្បើយច្រើនណាស់ដែរ។ ដូច្នេះ សូមបើកចិត្តឱ្យទូលាយ។ សូមកុំគុំកួនខ្ញុំពីឪពុកម្តាយដល់កូន! រឿងអតីតកាលដែលខ្ញុំធ្លាប់បាននិយាយថា «ក្នុងចំណោមគ្រូពេទ្យ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ» គឺបានជួយឱ្យវិស័យសុខាភិបាលមានការកែប្រែបានល្អប្រសើរច្រើនណាស់ ដោយបានជួយដាស់តឿនស្មារតី បំផុសបំផុលគំនិត កែប្រែឥរិយាបថ អត្តចរិតរបស់ពេទ្យ ហើយក៏ធ្វើឱ្យពេទ្យមួយចំនួនមានការរឹងខ្លួន មានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះការព្យាបាលអ្នកជំងឺ ជាពិសេសយកចិត្តទុកដាក់ព្យាបាលប្រជាពលរដ្ឋក្រីក្រ។ ចំណុចវិជ្ជមានទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនចាប់ផ្តើមសប្បាយចិត្ត និងពេញចិត្តលើវិស័យសុខាភិបាលជាងមុន។ មិនតែប៉ុណ្ណោះ ក៏ជួយនាំសេដ្ឋកិច្ចជាច្រើនចូលប្រទេសខ្មែរ ហើយក៏ជួយដល់ឆ្នាំងបាយអស់លោកអ្នកដែរ ដ្បិតបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់វិស័យសុខាភិបាលនិងគ្លីនិករបស់អស់លោកអ្នក។ បើលោកអ្នកជាជនស្នេហាជាតិ ចង់ជួយប្រជាជនមែននោះ លោកអ្នកគួរតែគាំទ្រដើម្បីឱ្យមានការកែប្រែលើសេវាកម្មមួយប្រកបដោយគុណភាព វិជ្ជាជីវៈ ក្រមសីលធម៌ និងគរុកោសល្យ ក្នុងការព្យាបាលប្រជាពលរដ្ឋយើង ដែលបច្ចុប្បន្ននេះមានវេជ្ជបណ្ឌិតជាច្រើនបាននឹងកំពុងធ្វើទៅហើយ ដែលនេះជាចំណុចមួយធ្វើឱ្យប្រទេសយើងអភិវឌ្ឍទៅមុខ។ ចៀសវាងធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច តក់ស្លុត ស្លន់ស្លោ បាក់ស្បាត និងមិនហ៊ានមកព្យាបាល ហើយបែរជាយកលុយចំណាយលើសេវាព្យាបាលសុខភាពនៅក្រៅប្រទេស។ ដោយពិត ខ្ញុំបានសង្កេតឃើញថា ក្រុមគ្រួសារដែលក្រល្មមៗ គេហ៊ានទៅព្យាបាលនៅប្រទេសវៀតណាម។ បើគ្រួសារណាមានជីវភាពធូរធារល្មម គេទៅព្យាបាលនៅប្រទេសថៃ។ ចំពោះមហាសេដ្ឋី ភាគច្រើនពួកគេទៅព្យាបាលនៅប្រទេសសិង្ហបុរី។ តើយើងសប្បាយចិត្តទេ ដែលត្រូវបាត់បង់ថវិការាប់រយលានដុល្លារក្នុងមួយឆ្នាំៗទៅក្រៅប្រទេស? ចុះបើចូលរួមចំណែកកែប្រែផ្តើមចេញពីយើង រហូតធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់ជាតិសាសន៍យើងរឹតតែល្អប្រសើរ នោះពុំមែនជាការចូលរួមចំណែកលើកមុខមាត់វិស័យសុខាភិបាលនិងអភិវឌ្ឍប្រជាជាតិរបស់យើងទេឬ?
ផ្ទុយទៅវិញ បើយើងពូកែតែគុំកួនគ្នា ហើយបំពាក់គំនុំបន្តតាំងពីឪពុកម្ដាយបន្តដល់កូន ដោយសារតែពាក្យមួយម៉ាត់ តើតម្លៃជាខ្មែរ ជាជនជាតិដែលស្លូតបូតនោះ ស្ថិតនៅទីណា? ពេលណាទៅទើបយើងចេះសាមគ្គីគ្នាជាធ្លុងមួយ? តើយើងអាចរួមរស់សុខសាន្តទាំងអស់គ្នាបានយ៉ាងដូចម្តេច? តើប្រទេសយើងនឹងអភិវឌ្ឍជឿនលឿនបានទេ បើគ្រាន់តែប៉ុណ្ណឹង យើងមិនចេះយោគយល់និងមិនចេះលើកលែងឱ្យគ្នាផងនោះ? អ្វីដែលខ្ញុំបានទិតៀន ពុំបានបង្ហិនបង្ហោចអ្វីឡើយ ប៉ុន្តែវាស្ថិតក្នុងន័យស្ថាបនាដល់ប្រទេសជាតិទាំងមូល។ ហេតុអ្វីចាំបាច់ចងសត្រូវ? ហេតុអ្វីអង្គុយចាំតែរករឿងគេ (Bully) រាប់ខែស្ទើរតែជិត១០ឆ្នាំផ្លាយទៅហើយ? តើអ្នកគិតថាអ្នកដទៃដែលត្រូវអ្នករករឿងនោះ គេជាមនុស្សចិត្តព្រះពុំចេះឈឺមែនទេ? អ្នកខ្លះខំរករឿងគេ តែក្រោយគេតបមួយម៉ាត់ពីរទៅវិញក៏ខឹងដូចកន្តេះឡង់។ អ៊ីចឹង បើអ្នកចេះឈឺចាប់ដែរ អ្នកគប្បីចេះយកចិត្តគេដាក់ក្នុងចិត្តអ្នក ហើយសួរខ្លួនឯងថា បើអ្នកជាគេ តើអ្នកមានមានអារម្មណ៍បែបណា? ម្យ៉ាងវិញទៀត មុននឹងទិតៀននរណាម្នាក់តាមៗគ្នា អ្នកគួរតែថ្លឹងថ្លែងឱ្យបានច្បាស់។ តើអ្នកបានទស្សនាវីដេអូឃ្លីបរបស់ខ្ញុំបានចប់ចុងចប់ដើមឬនៅ? សួរខ្លួនអ្នកជាមុនសិនថា តើរឿងដែលគេលើកឡើងហ្នឹងពិតឬអត់? ឧទាហរណ៍ដូចរឿងពេទ្យជាដើម បើសិនល្អគ្រប់គ្រាន់ហើយ ហេតុអ្វីប្រជាជនខ្មែរនៅតែមិនសប្បាយចិត្តច្រើនម្ល៉េះ? បើល្អគ្រប់គ្រាន់ហើយ ហេតុអ្វីមានអ្នកនិយាយអាក្រក់ច្រើនម្ល៉េះ? បើល្អគ្រប់គ្រាន់ហើយ ហេតុអ្វីរកសេវាព្យាបាលនៅក្រៅប្រទេសច្រើនម្ល៉េះ? ម៉្លោះហើយ សូមកុំអាលជឿដោយគ្មានតឹកតាងច្បាស់លាស់ ឬដោយគ្រាន់តែឃើញបន្តិចបន្តួចក៏ខឹងតូងតាមគ្នា ព្រោះថាសង្គមយើងបច្ចុប្បន្នសម្បូរទៅដោយអ្នកតែៗស្ករៗ ប្រសិនបើយើងឆាប់ជឿដោយខ្វះការពិចារណា។ សូមនាំគ្នាចូលរួមកែទម្រង់ទៅតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន ផង ដោយនាំគ្នាចូលរួមផ្ដល់សេវាកម្មជូនអ្នកជំងឺឱ្យបានល្អ។ […]