04/03/2026
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
============
ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។
លោកជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកស្ត្រីជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ លោកជំទាវបានបន្តថា សន្តិភាពពិតប្រាកដត្រូវចាប់ផ្តើមចេញពី ការចេះសាមគ្គី យកអាសារគ្នា គ្មានអំពើហិង្សា និងមានការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ កញ្ញាវេជ្ជបណ្ឌិត ឆន សុធារី នាយិការងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរាយការណ៍ពីវឌ្ឍនភាពយេនឌ័រនៅក្នុងមន្ទីរពេទ្យ ដោយមានស្ត្រី ចំនួន ៤៦០នាក់ ដែលស្មើនឹង ៥២% នៃចំនួនមន្ត្រីរាជការ និងបុគ្គលិកសរុប ហើយស្ត្រីក៏ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំ និងមានតួនាទីសំខាន់ៗជាច្រើនជា នាយិការង ប្រធានការិយាល័យ នាយផ្នែក រហូតដល់នាយសាល នាយរងសាល។
ជាចុងក្រោយ លោកជំទាវ យក់ សម្បត្តិ សូមឱ្យគណៈកម្មការមន្ទីរពេទ្យជាតិ តេជោសន្តិភាពបន្ដបង្កើនសមត្ថភាពដល់បុគ្គលិកនារី និងផ្ដល់ឱកាសទទួលបានការងារ ដើម្បីកសាងបរិយាកាសការងារដែលពោរពេញដោយសាមគ្គីភាព។