
21/07/2024
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ផងដែរក្នុងព្រះពុទ្ធសាសនា គឺជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនពុទ្ធសាសនិក តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូលព្រះវស្សាដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ជាពិសេសទៀនដើមធំៗ ដែលគ្រប់គា្នតែងហៅថាទៀនព្រះវស្សា ឬទៀនវស្សា ទៅប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន។
ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ ១៥កើត ខែកត្តិក)។ ព្រះបរមសាស្រ្តានៃយើងទ្រង់បានបញ្ញត្តិឱ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់ ១៥កើត ខែអស្សុជ)។ ក្នុងរយៈវេលា ៣ខែនេះនៅគ្រប់ព្រះវិហារ នៃទីវត្តអារាមទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាឱ្យនៅឆេះជានិច្ច។