12/08/2021
អតិសុខុមប្រាណក្នុងពោះវៀន ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សុខភាព
អ្នកប្រហែលជាមិនដឹងទេថា សរីរាង្គដែលមានសុខភាពល្អ មានទំងន់ ១,៥ ទៅ ២ គីឡូក្រាម (ស្មើនឹងទម្ងន់នៃខួរក្បាលរបស់យើង)។ វារស់នៅក្នុងរណ្តៅនៃពោះវៀនរបស់អ្នក។ «សរីរាង្គ» ដែលមានសុខភាពល្អនេះគឺជាអតិសុខុមប្រាណដែលត្រូវបានគេស្គាល់ជាទូទៅថាជា «បាក់តេរីល្អនៅក្នុងពោះវៀន» ។ វាធ្វើការងារដូចជាថ្លើម បេះដូង ខួរក្បាលសម្រាប់សុខភាពរបស់យើង ប៉ុន្តែវាមិនមែនជាកោសិការបស់មនុស្សយើងទេ។ ពួកវាជាសរីរាង្គខាងក្រៅខ្លួនយើងដែលរួមមាន បាក់តេរី ផ្សិត និងវីរុស។
ប្រសិនបើយើងចេះថែរក្សាវាបានត្រឹមត្រូវ វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង ព្រមទាំងផ្លាស់ប្តូរជីវិតរបស់យើងទៀតផង។ អតិសុខុមប្រាណទាំងអស់របស់យើងធ្វើការដូចជារោងចក្រអ៊ីចឹងដែរ ដែលបំពេញការងាររហូតដល់២៤ ម៉ោងលើ២៤ម៉ោង ដែលការងាររបស់វាមានដូចជា៖
✅ បំបែកអាហារដែលយើងបានបរិភោគ៖ អតិសុខុមប្រាណទាំងនោះបំបែករអាហារដែលប្រព័ន្ធរំលាយអាហាររបស់យើងមិនអាចបំបែកបាន។ ដោយសារតែការអន្តរាគមន៍របស់ពួកវានេះហើយ ទើបកោសិកាពោះវៀនរបស់យើងមានលទ្ធភាពស្រូបយក និងប្រមូលផ្តុំសារធាតុចិញ្ចឹមបាន។
✅ សំយោគវីតាមីន៖ ទាំងនេះគឺជាបាក់តេរីដែលដឹងពីរបៀបក្នុងការផលិតវីតាមីន K វីតាមីន B12 វីតាមីន B1 និងវីតាមីន B2។
✅ ការពារប្រព័ន្ធរំលាយអាហាររបស់យើងពីការបង្កើនចំនួនយ៉ាងច្រើនរបស់បាក់តេរីដែលបង្កគ្រោះថ្នាក់៖ នេះគឺជា «ឥទ្ធិពលនៃរបាំងការពារ» ។
អតិសុខុមប្រាណក៏មាននាទីសំខាន់ផងដែរ ៖
👉បំបែកជាតិពុលជាច្រើន។
👉រក្សាតុល្យភាពនៃប្រព័ន្ធភាពស៊ាំរបស់យើង ដែល៨០% ជាកោសិកាដែលមាននៅក្នុងពោះវៀន។
👉ផ្តល់ប្រេងដែលចាំបាច់សម្រាប់ដំណើរការត្រឹមត្រូវនៃពោះវៀនធំរបស់យើង។
អ្វីដែលគេមិនសូវដឹងនោះគឺតួនាទីរបស់បណ្ដុំអតិសុខុមប្រាណ និងពោះវៀនទៅលើខួរក្បាលរបស់យើង
ពោះវៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំសារទៅកាន់ខួរក្បាល។ ផ្ទុយពីខួរក្បាលដែលនៅដាច់ឆ្ងាយពីផ្នែកផ្សេងទៀតនៃដងខ្លួន ពោះវៀនគឺជាបេះដូងនៃសកម្មភាពរបស់យើង÷ វាដឹងអ្វីៗដែលយើងបានញុំា វាអាចដឹងពីអ័រម៉ូនដែលមាននៅក្នុងឈាម ហើយវាក៏ដឹងពីស្ថានភាពនៃកោសិកាភាពស៊ាំរបស់យើងផងដែរ។ ពោះវៀនអាចបញ្ជូនព័ត៌មានទៅកាន់ខួរក្បាលផ្ទាល់តាមរយៈសរសៃប្រសាទសួត និងក្រពះ។ លើសពីនេះទៅទៀត អតិសុខុមប្រាណរបស់យើងអាចជួយរំញោចប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលមានដូចជាៈ
📌សេរ៉ូតូនីន គឺជាអ័រម៉ូនធ្វើឱ្យមានអារម្មណ៍ល្អ ដែលត្រូវបានផលិត ៨០% នៅក្នុងពោះវៀន។
📌អាសេទីលកូលីន ដែលជាអ្នកនាំសារគីមីសម្រាប់ការចងចាំ។
📌Noradrenaline ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ ការរៀនសូត្រ អារម្មណ៍ និងការគេង។
📌GABA និង អាស៊ីតហ្គា – អាមីណូប៊ុយទីរិចដែលជាសារធាតុធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ល្អ។
ប៉ុន្តែមេរោគមិនល្អនៅក្នុងពោះវៀនក៏អាចធ្វើឲ្យខូចសរសៃប្រសាទ និងអារម្មណ៍ផងដែរ។ ពួកវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ សមត្ថភាពក្នុងការទប់ទប់ភាពតានតឹង ស្ត្រេស និងគុណភាពនៃការគេង។
នៅពេលអតិសុខុមប្រាណរបស់អ្នកឈឺ រាងកាយទាំងមូលរបស់អ្នកក៏ឈឺដែរ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ជំងឺ និងបញ្ហាសុខភាពជាង ១០០ មុខ ត្រូវបានផ្សារភ្ជាប់ទៅនឹងអតុល្យភាពនៃអតិសុខុមប្រាណរបស់អ្នកដូចជា ជំងឺរ៉ាំរ៉ៃ ជំងឺរលាក ជំងឺសើរស្បែក ជំងឺឆ្លង និងជំងឺមហារីក (ជាពិសេស មហារីកពោះវៀនធំ) ។
ការសិក្សាថ្មីទើបតែបង្ហាញពីទំនាក់ទំនងរវាងការថយចុះនៃអតិសុខុមប្រាណនិងការចាប់ផ្តើមនៃជំងឺដែលទាក់ទងនឹងប្រព័ន្ធប្រសាទមួយចំនួនដូចជាជំងឺ Alzheimer ឬ Parkinson ក៏ដូចជាទំនាក់ទំនងជាមួយជំងឺអូទីហ្ស៊ឹម ជំងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
សម្រាប់អតិសុខុមប្រាណដែលមានតុល្យភាពល្អ គឺវាត្រូវការបាក់តេរីល្អ ៨៥% ។ មនុស្សដែលមានអតិសុខុមប្រាណ«ល្អ» វានឹងការពារពួកគេប្រកបដោយប្រសិទ្ធភាព។ ចំណែកខ្លួនអ្នកក៏អាចមានអតុល្យភាពនៃបាក់តេរីក្នុងពោះវៀនដោយមិនដឹងខ្លួនដែរ តាមរយៈការញុំាអាហារដែលបំផ្លាញបាត់តេរីល្អ ហើយជំរុញការលូតលាស់បាក់តេរីអាក្រក់។
អតុល្យភាពអតិសុខុមប្រាណភាគច្រើនកើតឡើងដោយសារ៖
✔ការបរិភោគជាតិផ្អែមច្រើនពេក។
✔ការទទួលទានចំណីអាហារដែលខូចគុណភាព ឬដោយសារមានផ្ទុកសារធាតុរក្សាទុកច្រេីន
✔ភាពតានតឹង
✔ការបំពុលបរិយាកាស
✔️លោហៈធាតុធ្ងន់ៈ ទង់ដែង ឬស័ង្កសី ដែលបំលែងបាក់តេរីល្អៗទៅជាបាក់តេរីបង្កជំងឺ។
✔️ថ្នាំមួយចំនួន។
ដើម្បីចៀសវាងការមានអតិសុខុមប្រាណ «ឈឺ» អ្នកត្រូវតែចាប់ផ្តើមដោយកាត់បន្ថយកត្តាទាំងអស់នេះ។
ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការស្តារបាក់តេរីល្អនៅក្នុងពោះវៀនឡើងវិញ។ ដើម្បីសម្រេចបាន យើងក៏មានមធ្យោបាយផ្សេងទៀតផងដែរ នោះគឺការបន្ថែមប្រូបាយអូតិចទៅក្នុងរបបអាហារ។
សរុបសេចក្តីមកដើម្បីថែរក្សាសុខភាពរបស់អ្នក ឬដើម្បីអោយមានសុខភាពល្អឡើងវិញ កុំធ្វេសប្រហែសទាក់ទងនឹងពោះវៀនរបស់អ្នក។ វាគឺជាសម្ព័ន្ធមិត្តដ៏ល្អបំផុតរបស់អ្នកក្នុងការប្រឆាំងនឹងជំងឺផ្សេងៗ។