18/03/2026
🙏ឆ្នាំងដីកេរខ្មែរដីមាសភ្នំក្រាំង
រឿងស្នេហ៍ល្បីខ្លាំងរឿងនាងកង្រី
លះបង់ជីវិតមិនខ្វល់ពីអ្វី
នាមយក្ខណីមិនអាចមើលស្រាល។
👉ស្នេហាគឺជាជំងឺផ្លូវចិត្ត
ធ្ងន់ណាស់ខ្លាំងពិតពិបាកព្យាបាល
កង្រីយក្ខណីមិនអាចស្រាកស្រាល
ស្នេហ៍នេះបណ្តាលនាងស្លាប់ដេកដួល។
😇ផ្លូវគូជីវិតដែលបានសាងមក
ជួនកាលរលកជួនរលូនស្រួល
ជួនកាលស្អិតជាប់ជួនរអិលដួល
ជួនកាលឈឺអួលជួនកាលចុកចាប់។
💜ពេលខ្លះផ្អែមល្ហែមប្រៀបដូចទឹកឃ្មុំ
ពេលខ្លះរឿងធំរហូតចាក់កាប់
ចងកលោតទឹកអារកសំលាប់
ប្អូនក្មួយកុំត្រាប់ត្រូវគិតមុខក្រោយ។
👹ភ្លើងស្នេហ៍ឆេះឆាបឆួលក្តៅខ្លាំងណាស់
ភ្លើងផ្ទុះធុងហ្គាស់ប្រៀបមិនបានឡើយ
មានតែផ្លូវធម៌ទើបបានធូរស្បើយ
មានចិត្តស្ងប់ហើយភ្លើងស្នេហ៍រលត់។
🙏ប្រាក់ ណារុំ