12/09/2023
ជំងឺអាត់ ឬ កមរមាស់ (Scabies or Gale)
1. លក្ខណៈទូទៅ
• អាត់គឺជាជំងឺសើស្បែកមួយប្រភេទដែលភាគច្រើនជួបនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន ផ្ទះសម្បែងចង្អៀត កង្វះអនាម័យ កង្វះទឹកប្រើប្រាស់។
• ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ ឬតាមរយៈសម្លៀកបំពាក់ មុងភួយ...។
• រោគសញ្ញាចម្បងគឺឡើងកន្ទួល ពងទឹកលើស្បែក និងរមាស់ខ្លាំង ។
• ជំងឺនេះបង្កជាការរំខានធ្ងន់ធ្ងរដល់ការរស់នៅ និងអាចបណ្តាលឱ្យមានផលវិបាកដូចជា: ឆ្លងមេរោគ ក្រិនស្បែក កើតត្រអក រលាកតំរងនោមស្រួចស្រាវ ...។
2. មូលហេតុ
ជំងឺអាត់បង្កឡើងដោយបរាសិតមួយប្រភេទមានឈ្មោះថា Sarcoptes scabiei hominis។
3. រោគសញ្ញាវិនិច្ឆ័យ
+ រោគសញ្ញាលើស្បែកដូចជា:
• ពងទឹកលើស្បែក រាត់រាយ ដាច់ពីគ្នា នៅតំបន់ស្បែកស្តើងគៀនៗដូចជា នៅចង្វែកម្រាមដៃ ផ្នត់កដៃ កំភួនដៃ សុដន់ ជុំវិញចង្កេះ រន្ធផ្ចិត ចង្វែកគូទ ភ្លៅខាងក្នុង និងគៀនប្រដាប់ភេទ...។ ចំពោះទារក ពងបែកភាគច្រើកើតនៅលើបាតដៃ និងជើង។
• រន្ធបង្ហុយក្រោមស្បែក ឬ"រូងអាត់" មានប្រវែង 3-5 មីលីម៉ែត្រ។
• កន្លែងខ្លះឡើងជាដុំកន្ទួល ឬកើតជាដំបៅ ឬពងបែកខ្ទុះដោយសារឆ្លងមេរោគ។
• អ្នកជំងឺរមាស់ខ្លាំង ជាពិសេសនៅពេលយប់។
+ សញ្ញាអមគ្លីនិក: ថតស្បែករកឃើញបរាសិតនៅក្នុងដំបៅ។
4. ផលវិបាកនៃជម្ងឺ
• ឡើងត្រអក: ស្បែកស្ងួត ក្រហម និងរមាស់ខ្លាំង ងាយប្រតិកម្ម។
• ឆ្លងមេរោគលើស្បែក: ស្បែកកើតពងទឹកឆ្លងរោគកើតជាខ្ទុះ ឬដំបៅ។
• ក្រិន-គ្រើមស្បែក(Lichenification):ដោយសារអ្នកជំងឺអេះរមាស់ច្រើន ធ្វើឱ្យស្បែកក្រាស់ និងឡើងក្រិន។
• រលាកតំរងនោមស្រួចស្រាវ: ចំពោះកុមារដែលមានជំងឺអាត់ឆ្លងមេរោគ ដែលមិនបានព្យាបាល ឬព្យាបាលមិនជាដាច់ជំងឺរើឡើងវិញច្រើនដង។
5. ការព្យាបាល
ក) គោលការណ៍ទូទៅ
• ត្រូវព្យាបាលមនុស្សទាំងអស់ក្នុងសមាជិកគ្រួសារ ក្នុងក្រុម ឬក្នុងថ្នាក់រៀន...ប្រសិនបើរកឃើញមានជំងឺអាត់។
• សំលៀកបំពាក់ មុង ភួយ ខ្នើយ កន្ទេល...ត្រូវបោកអ៊ុតឲ្យបានស្អាត ហាលឲ្យស្ងួត។
ខ) ការព្យាបាលជាក់លាក់
• ថ្នាំលាបមានដូចជា:
+ Gamma benzene 1%
+ Permethrin 5%
+ benzoat benzyl 25%
+ Diethylphtalat (DEP)
* ថ្នាំផ្សេងទៀតអាចប្រើបានដូចជា:
+ ក្រែមស្ពាន់ធ័រ 5-10% : សម្រាប់កុមារ ជាពិសេសអ្នកជំងឺអាយុក្រោម 2ខែ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន (មានសុវត្ថិភាព)។
+Crotaminton 10%
(វិធីលាប៖ ងួតទឹកសម្អាតនឹងសាប៊ូ រួចលាបថ្នាំលើដំបៅស្បែក1ដង/ថ្ងៃ ពេលយប់។ បោកគក់ និងសម្ងួតសម្លៀកបំពាក់ មុងភួយឲ្យបានល្អ)
• កមរមាស់ដែលឆ្លងមេរោគប្រើ milian ឬ castellani ។
• ប្រសិនបើឡើងត្រអក ប្រើថ្នាំលាប corticoid រយៈពេល 1-2 សប្តាហ៍។
• ថ្នាំលេប:
+ ថ្នាំ Ivermectin 200kg/kg a single dose។ ហាមប្រើសម្រាប់កុមារអាយុក្រោម 5ឆ្នាំ ស្ត្រីមានផ្ទៃពោះ។
+ ប្រើថ្នាំ Antihistamine កាត់បន្ថយរមាស់។
+ ប្រើអង់ទីប៊ីយ៉ូទិកករណីមានឆ្នងមេរោគ។
6. ការពារជំងឺ
• រក្សាអនាម័យផ្ទាល់ខ្លួនជាប្រចាំ។
• ព្យាបាលជំងឺឱ្យបានឆាប់ ជៀសវាងប៉ះពាល់ និងប្រើប្រាស់របស់រួមគ្នាជាមួយអ្នកជំងឺ។
(ដកស្រង់ និងរៀបរៀងដោយ: វេជ្ជ. ថែ សារៀម)
Ref:
- World Health Organization_Scabies
- Gilson RL, Crane JS. Scabies. [Updated 2022 Aug 1]. In:StatPearls Publishing; 2023 Jan-
- Thomas C, Coates SJ, Engelman D, Chosidow O, Chang AY. Ectoparasites: scabies. J Am Acad Dermatol. (2020) 82:533–48