03/04/2026
៣ខែ មន្ទីរពេទ្យគន្ធបុប្ផាចំណាយប្រមាណ១១លានដុល្លារ ដើម្បីសង្រ្គោះទារក និងកុមារ។
===
ភ្នំពេញ៖ រយៈពេល៣ខែដំបូង ក្នុងឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចំណាយថវិកាប្រមាណ ១១លានដុល្លារ ដើម្បីជួយសង្រ្គោះទារក និងកុមារ។ ក្នុងនោះកុមារដែល បានសម្រាកក្នុងមន្ទីរពេទ្យ មានជិត៦ម៉ឺននាក់ ចំណែកករណីវះកាត់ធំ មានប្រមាណ ៨ពាន់ករណី។
យោងតាមតួលេខចាប់ពីខែមករា ដល់ខែមីនាកន្លងមកនេះ កុមារដែលទទួលការពិនិត្យព្យាបាលកុមារ នៅ ផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ២៤៧ ៩៥៦ករណី។ ចំណែក កុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មាន ចំនួន ៥០ ៩៦៧នាក់ ក្នុងនោះករណីជំងឺគ្រុនឈាម សម្រាកក្នុងមន្ទីរពេទ្យ មានចំនួន២ ៣១៧។
សូមជម្រាបថា កាលពីឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងខេត្តសៀមរាប បានចំណាយថវិកាជាង ៤៦ លានដុល្លារ។ ក្នុងតួលេខបង្ហាញថា កុមារមានជំងឺចំនួន ១ ០៧១ ៦៣៧នាក់ ត្រូវបានព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ បន្ថែមលើនេះ កុមារចំនួន ២៣៣ ២៤៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងកុមារចំនួន ២២ ៩៨២នាក់ ត្រូវបានព្យាបាលអ្នកជំងឺគ្រុនឈាម។ ជាមួយគ្នានេះ កុមារវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់ និងកុមារចំនួន ៣៤ ៨៨៩នាក់ ត្រូវបានវះកាត់ទូទៅ៕
ព័ត៌មានសារព័ត៌មានថ្មីៗ