
15/08/2025
ពិធីប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពជាស្ដង់ដាអន្តរជាតិ ISO15189 Plus
រាជធានីភ្នំពេញ៖ រសៀល ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus ដល់មន្ទីរពិសោធន៍ចំនួន ៣ រួមមាន វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានសុពលភាពចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមអបអរសាទរ មន្ទីរពិសោធន៍ទាំងបី ដែលទទួលបានការទទួលស្គាល់គុណភាពជាស្ដង់ដាអន្តរជាតិ ISO15189 Plus ។ សមទ្ធិផលនេះ គឺជាភស្តុតាង បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីមន្ទីរពិសោធន៍ទាំងបី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងារមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងមានការចូលរួមពីដៃគូសហការ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងនៃសហរដ្ឋអាមេរិច (US-CDC) ប្រចាំនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ សមិទិ្ធផលខាងលើនេះបានឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងអាណតិ្តទី៧ ដែលកំណត់យកការពង្រឹងប្រព័ន្ធសេវាសុខាភិបាលជាអាទិភាពមួយ នៅក្នុងចំណោមអាទិភាពផ្សេងៗទៀតសម្រាប់ការផ្តល់សុខមាលភាពជូនប្រជាជន ហើយចាត់ទុកការពង្រឹងសេវាមន្ទីរពិសោធន៍តាមគ្រឹះស្ថានសាធារណៈ និង ឯកជន នៅទូទាំងប្រទេសជាយុទ្ធសាស្រ្តស្នូលមួយរបស់វិស័យសុខាភិបាល សម្រាប់គាំទ្រការងារថែទាំ ព្យាបាល និងឆ្លើយតបការផ្ទុះរាលដាលនៃជំងឺឆ្លង។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្តី្របានផ្តល់អនុសាសន៍ដ៏មានតម្លៃ ក៏ដូចជាសារគន្លឹះសំខាន់ចំនួន៥ សម្រាប់មន្ទីរពិសោធន៍ទាំងអស់គឺ៖
១. អ្នកបច្ចេកទេសមន្ទីរពិសោធន៍ត្រូវខិតខំសិក្សាបន្ថែម អោយលើសពីអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសមន្ទីរពិសោធន៍អោយឈានឡើង១កំរិតទៀត។
២. វិទ្យាស្ថានត្រូវចូលរួមសហការ រិះរក និងរៀបចំគោលនយោបាយគ្រប់គ្រងគុណភាពសេវាមន្ទីរពិសោធន៍នៅព្រះរាជាណាចក្រកម្ពុជាអោយសមស្របទៅនឹងបរិបទរបស់ប្រទេស និង មានលក្ខណៈកាន់តែប្រសើរឡើងជាជំហ៊ានៗ ដើម្បីធានាថាសេវាមន្ទីរពិសោធន៍មានគុណភាពនិងមាននិរន្តរភាព។
៣. ការប្រើប្រាស់ឧបករណ៍សម្រាប់ការវាយតំលៃមន្ទីរពិសោធន៍សាធារណៈ និង ឯកជន គួរតែឈរលើស្តង់ដាតែមួយ។ ដូច្នេះវិទ្យាស្ថានជាតិសុខភាពសាធារណៈគួរផ្តល់ធាតុចូលដល់នាយកដ្ឋានមន្ទីរពេទ្យ ដើម្បីកែសម្រួល ស្តង់ដារនៃការវាយតំលៃមន្ទីរពិសោធន៍ទាំងពេលសុំអាជ្ញាបណ្ណ និងពេលបន្តអាជ្ញាបណ្ណ។
៤. មន្ទីរពិសោធន៍ទាំងសាធារណៈ និងឯកជនទាំងអស់ត្រូវអនុវត្តកម្មវិធីកែលំអរគុណភាពជាប្រចាំ ដើម្បីកែលំអរគុណភាពជាបណ្តើរៗឆ្ពោះទៅទទួលបានការទទួលស្គាល់គុណភាពថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយធានាបានការផ្តល់សេវាធ្វើតេស្តដែលមានគុណភាពជូនដល់ប្រជាជន។
៥. រៀបចំប្រព័ន្ធមន្ទីរពិសោធន៍សាធារណៈមួយ ដែលមានគុណភាព ប្រទាក់ក្រទ្បាគ្នា និងឆ្លើយឆ្លងគ្នាបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្ទុះជំងឺ និងផ្តល់សេវាគាំទ្រការថែទាំនិងព្យាបាលបានកាន់តែទូលំទូលាយ
ទន្ទឹមនឹងគ្នានេះដែល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រុញអោយមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់ និងអនុវត្តការងារដូចខាងក្រោម៖
១. បំពេញការងារសំខាន់យ៉ាងតិចមួយក្នុងមួយថ្ងៃ ក្រៅពីការងារប្រចាំថ្ងៃផ្សេងទៀត។
២. ថ្នាក់ដឹកនាំត្រូវដើរតួនាទីជាគំរូដល់មន្ត្រីក្រោមឱវាទ ដោយប្រឹងប្រែងធ្វើការអោយលើសពីធម្មតាដែលអាចធ្វើទៅបាន។
៣. មន្ត្រីត្រូវខិតខំធ្វើការបន្ថែម តាំងចិត្ត និងប្រើប្រាស់ពេលវាលាអោយលើសពីធម្មតា ដើម្បីជួយបង្គ្រប់នូវធនធានដែលខ្វះខាតបច្ចុប្បន្ន ហើយធ្វើការងារដោយភាពវាងវៃ និងឱ្យកាន់តែប្រសើរឡើង។
មុននឹងបញ្ជប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណ ដល់អង្គការដៃគូទាំងអស់ ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង របស់សហរដ្ឋអាមេរិក (US-CDC) ប្រចាំនៅកម្ពុជា ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្នុងការអនុវត្តផែនការកន្លងមក ដែលនាំឱ្យសម្រេចបានសមិទ្ធផលជាវិជ្ចមានដូចថ្ងៃនេះ។ ឯកឧត្តមសាស្រ្តចារ្យ ក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ ជួយផ្តល់ឱកាសអាហារូបករណ៍ជូនមន្រ្តីជំនាញវេជ្ជសាស្រ្ត ដើម្បីពង្រឹងនូវគុណភាព និងសមត្ថភាព ឱ្យកាន់តែល្អ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តអោយមន្ទីរពិសោធន៍សាធារណៈ និងឯកជនទាំងអស់អោយក្លាហាន ហ៊ានចូលរួមក្នុងកម្មវិធីឆ្ពោះទៅរកការទទួលស្គាល់គុណភាពអន្តរជាតិ ហើយបន្តរក្សា ពង្រីកនូវសេវាផ្សេងទៀត ទៅក្នុងកម្មវិធីទទួលស្គាល់គុណភាពអន្តរជាតិ ISO 15189 Plus។
ជាទីបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរដល់គណអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ អោយមានសេចក្តីសុខ និងទទួលបានជោគជ័យបន្ថែមទៀត។
ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា មន្ទីរសុខាភិបាលខេត្តសៀមរាប តាកែវ បាត់ដំបង មន្ទីរពិសោធន៍នៃមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអន្តរជាតិ និងមន្រ្តីបច្ចេកទេសមន្ទីរពិសោធន៍។