07/02/2026
🚨មេគណៈកម្មាធិការបោះឆ្នោតថៃ បោះសម្តីយ៉ាងឈ្លើយថា បើពលរដ្ឋមិនជឿគណៈកម្មាធិការ មិនបាច់ទៅបោះឆ្នោតទេ
មិនទាន់ដល់ថ្ងៃបោះឆ្នោតផ្លូវការផង ប្រទេសថៃបានជួបរឿងចម្រូងចម្រាសជាបន្តបន្ទាប់។ ជាក់ស្តែងរឿងរ៉ាវចុងក្រោយបំផុតនេះ ធ្វើឲ្យប្រជាជនថៃ ក្តៅស្លឹកត្រចៀកខ្លាំង ដោយសារតែមេគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានបោះសម្តីឈ្លើយទៅពលរដ្ឋថា បើមិនជឿគណៈកម្មាធិការ មិនបាច់ទៅបោះឆ្នោតទេ។
សម្តីនេះចេញពីមាត់អគ្គលេខាធិការ EC លោក Sawaeng Boonmee ដែលនិយាយក្នុងវីដេអូបង្ហោះលើ Youtube ឆ្លើយតបទៅពលរដ្ឋថៃមួយចំនួន ដែលហាក់សម្តែងការមិនពេញចិត្តនិងឥតជឿជាក់លើ EC បន្ទាប់ពីកើតមានភាពមិនប្រក្រតីមួយចំនួន អំឡុងការបោះឆ្នោតមុនថ្ងៃកំណត់កាលពីសប្តាហ៍មុន។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦ លោក Sawaeng បានប្រតិកម្មទៅនឹងពាក្យរិះគន់ពីសំណាក់ប្រជាជន ដោយនិយាយឥតខ្វល់ថា៖ «បើអ្នកមិនជឿគណៈកម្មាធិការ មិនបាច់ទៅបោះឆ្នោតទេ»។
យ៉ាងណា ក្រោយមកមិនបានប៉ុន្មានផង ស្រាប់តែបុរសម្នាក់នេះ បង្ហាញការសោកស្តាយ ដោយចេញការសុំទោសលើបណ្តាញសង្គម Facebook ថា ទំនុកចិត្តរបស់សាធារណជនលើការបោះឆ្នោត គឺផ្អែកលើសសរស្តម្ភពីរ៖ ប្រព័ន្ធបោះឆ្នោត និងមនុស្សដែលជាអ្នកប្រតិបត្តិវា។
លោកបញ្ជាក់ថា សម្តីរបស់លោកគឺមានបំណងសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើ EC ជាពិសេសក្នុងអំឡុងពេលដែលមានការចោទសួរជាច្រើនអំពីដំណើរការបោះឆ្នោតមុនថ្ងៃកំណត់។ លោកអះអាងថា ខ្លួនគ្មានបំណងចង់រារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ ហើយលោកសុំទោសចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។
សូមជម្រាបថា ដ្បិតការបោះឆ្នោតសកលនៅប្រទេសថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៨ខែកុម្ភៈនេះក៏ដោយ ប៉ុន្តែថៃក៏បានរៀបចំការបោះឆ្នោតមុនថ្ងៃរួចហើយផងដែរ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។
យ៉ាងណា ពលរដ្ឋថៃមិនតិចនាក់ទេដែលសម្តែងការមិនពេញចិត្ត និងត្អូញត្អែរ ក៏ដូចជាលើកឡើងអំពីភាពមិនប្រក្រតីជាច្រើន ក្នុងអំឡុងពេលការបោះឆ្នោតនោះ ដោយអ្នកខ្លះលើកឡើងអំពីកំហុសបច្ចេកទេស នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ពោលគឺមន្ត្រីរៀបចំការបោះឆ្នោត បានសរសេរលេខកូដមណ្ឌលខុសនៅលើស្រោមសន្លឹកឆ្នោត ដែលអាចធ្វើឲ្យសន្លឹកឆ្នោតទាំងនោះ ក្លាយជា «សន្លឹកឆ្នោតមិនបានការ» ឯខ្លះទៀត ក៏ចោទប្រកាន់អំពីការដឹកជញ្ជូនមនុស្ស ឲ្យទៅបោះឆ្នោតជាក្រុមៗ ដែលទង្វើនេះធ្វើគេសង្ស័យថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រទិញទឹកចិត្តម្ចាស់ឆ្នោត៕
ប្រភព៖ Bangkok Post