
01/10/2024
ជាង៦ម៉ោងហើយ អាជ្ញាធរថៃនៅមិនទាន់រកឃើញមូលហេតុនៃការផ្ទុះឆេះរថយន្តដឹកសិស្សសាលា ដែលបណ្តាលឲ្យសិស្ស សាលាជាកុមារតូចៗ និងគ្រូ ស្លាប់២៥នាក់(សិស្ស២២នាក់) ខណៈអ្នករបួស១៩នាក់ (សិស្សតូចៗ១៦នាក់) របូសរលាកមុខមាត់ និងភ្នែកធ្ងន់ធ្ងរ ។
រថយន្តដឹកសិស្សកុមារតូចៗ៣៨នាក់ អមដោយគ្រូ៦នាក់ គឺចេញពីសាលា What Khao Praya Sangkharam ស្ថិតក្នុង Uthai Thani ស្ថិតនៅចម្ងាយជាង២៤០គ.ម ភាគខាង ជើងទីក្រុងបាងកក ដែលសម្បូរដោយជនជាតិមូស្លីម ។
រថយន្តដឹកសិស្សកុមារតូចៗខាងលើ ជាដំណើរចុះកម្មសិក្សា និងនាំក្មេងៗទៅទស្សនាសារមន្ទីរ ប៉ុន្តែគេមិនដឹងគោលដៅច្បាស់លាស់ ស្រាប់តែជួបអកុសលផ្ទុះឆេះរថយន្តនៅលើផ្លូវ Phahan Yathin ក្បែរហាងម៉ាត Zeer Rangsit ស្ថិតក្នុងស្រុក Lam Sak ខេត្ត Pathum Thani កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០១ តុលា ២០២៤នេះ ។
ក្រោយកើតហេតុអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនភ្លាមៗ ហើយពេលនេះ អាជ្ញាធរថៃកំពុងអង្កេតស្រាវជ្រាវ ។ ភាគច្រើនរថយន្តនៅថៃ គឺប្រើហ្កាស ទោះបីជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ ធ្លាប់ចេញការព្រមានពីហានិភ័យនៃរថយន្តប្រើហ្កាសយ៉ាងណាក្តី ។
ក្រោយហេតុការណ៍អកុសលនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ក៍បានថ្លែងសាររំលែកទុក្ខនិងសម្តែងការសោកស្តាយជូនដល់ក្រុមគ្រួសារកុមារតូចៗ និងគ្រូដែលបានស្លាប់ផងដែរ ៕