13/10/2023
✅ តើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (stroke) គឺជាអ្វី?
Stroke គឺជាពាក្យដែលគ្រូពេទ្យប្រើនៅពេលដែលផ្នែកមួយនៃខួរក្បាលត្រូវបានខូចខាតដោយសារតែបញ្ហាលំហូរឈាមក្នុងខួរក្បាល។
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចកើតឡើងនៅពេលដែល៖
➡️ សរសៃឈាមដែលនាំឈាមទៅកាន់ខួរក្បាលត្បៀត ឬ ស្ទះជិត ហើយផ្នែកខ្លះនៃខួរក្បាលមិនមានឈាមគ្រប់គ្រាន់រយៈពេលយូរ។
➡️ មានការដាច់នូវសរសៃឈាមនៃខួរក្បាល ហើយធ្វើអោយមានហូរឈាមចូល ឬជុំវិញខួរក្បាល។
✅ តើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលប៉ះពាល់ដល់មនុស្សយ៉ាងដូចម្តេច?
ផលប៉ះពាល់នៃជំងឺដាច់សរសៃឈាមខួរក្បាលអាស្រ័យលើកត្តាជាច្រើនរួមមាន៖
➡️ ប្រភេទនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
➡️ ទីតាំង និងបរិមាណខួរក្បាលត្រូវបានប៉ះពាល់
➡️ រយៈពេលនៃការចាប់ផ្តើមការព្យាបាលបន្ទាប់ពីមានរោគសញ្ញា
អ្នកដែលមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបាត់បង់មុខងារសំខាន់ៗរបស់ខួរក្បាល។ ជាឧទាហរណ៍ មនុស្សខ្លះពិការមួយផ្នែកនៃដងខ្លួន ឬមិនអាចនិយាយបាន។
✅ តើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាធម្មតាចាប់ផ្តើមភ្លាមៗ៖
➡️ តុល្យភាព - មានបញ្ហាក្នុងការឈរ ឬដើរ
➡️ ភ្នែក - មានបញ្ហាជាមួយនឹងការមើលឃើញ
➡️ មុខ - មុខ មើលទៅមិនស្មើគ្នា ឬធ្លាក់ចុះម្ខាង
➡️ ដៃ ឬជើង – មានភាពទន់ខ្សោយ ឬស្ពឹកនៅដៃ ឬជើង
➡️ ការនិយាយ – មានបញ្ហាក្នុងការនិយាយ ឬការនិយាយស្តាប់ទៅចម្លែក
➡️ ប្រសិនបើយើងសម្គាល់ឃើញសញ្ញាគ្រោះថ្នាក់សរសៃឈាមខួរក្បាលទាំងនេះ សូមអញ្ជើញទៅកាន់មន្ទីរពេទ្យអោយបានលឿន។ ការព្យាបាលចាប់ផ្តើមកាន់តែលឿន ឱកាសនៃការជាសះស្បើយក៏កាន់តែខ្ពស់។
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីការហូរឈាមក្នុងខួរក្បាលក៏អាចបណ្តាលឱ្យឈឺក្បាលធ្ងន់ធ្ងរភ្លាមៗផងដែរ។
✅ តើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលត្រូវបានព្យាបាលយ៉ាងដូចម្តេច?
ជាដំបូង គ្រូពេទ្យនឹងធ្វើតេស្ដដើម្បីបញ្ជាក់ថាអ្នកមានជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល និងរកមើលថាតើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលប្រភេទណាមួយ តាមរយៈការថត CT scan ឬ MRI នៃខួរក្បាល។
អ្នកដែលមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបណ្តាលមកពីការស្ទះសរសៃឈាមអាច៖
➡️ ទទួលការព្យាបាលដែលជួយបើកសរសៃឈាមឡើងវិញ។ ការព្យាបាលទាំងនេះអាចជួយអ្នកឱ្យជាសះស្បើយពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
➡️ ទទួលបានថ្នាំដែលការពារការកកឈាមថ្មី។ ថ្នាំទាំងនេះក៏ជួយការពារជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនាពេលអនាគតផងដែរ។
អ្នកដែលមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបណ្តាលមកពីការហូរឈាមអាច៖
➡️ ទទួលការព្យាបាលដែលអាចកាត់បន្ថយការខូចខាតដែលបណ្តាលមកពីការហូរឈាមក្នុង ឬជុំវិញខួរក្បាល
➡️ ឈប់ប្រើថ្នាំដែលបង្កើនការហូរឈាម ឬលេបថ្នាំក្នុងកម្រិតទាប
➡️ ត្រូវធ្វើការវះកាត់ ឬធ្វើការព្យាបាលជួសជុលសរសៃឈាមដើម្បីកាត់បន្ថយការហូរឈាមបន្ថែម។
✅ តើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចការពារបានទេ?
អ្នកអាចកាត់បន្ថយឱកាសនៃការកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានយ៉ាងច្រើន ប្រសិនបើអ្នក៖
➡️ ពិសារថ្នាំ ឲ្យបានត្រឹមត្រូវតាមការណែនាំ ជាពិសេសថ្នាំដែលជួយការពារជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលរួមមាន:
- ថ្នាំបញ្ចុះសម្ពាធឈាម
- ថ្នាំ Statins ដែលបន្ថយកូលេស្តេរ៉ុល
- ថ្នាំដើម្បីការពារការកកឈាម ដូចជាថ្នាំអាស្ពីរីន (Aspirin)
- ថ្នាំដែលជួយរក្សាជាតិស្ករក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតាតាមដែលអាចធ្វើទៅបាន (ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម)
➡️ ធ្វើការផ្លាស់ប្តូររបៀបរស់នៅ៖
- ឈប់ជក់បារី ព្យាយាមបញ្ចុះទម្ងន់ ទទួលទានអំបិលតិច។
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ យ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃ និង 3 ទៅ 5 ថ្ងៃក្នុងមួយសប្តាហ៍។
- ញ៉ាំអាហារសម្បូរដោយផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ ជាតិសាច់ និងជាតិផ្អែមទាប។
➡️ ប្រសិនបើអ្នកពិសាគ្រឿងស្រវឹង សូមកំណត់បរិមាណ៖
- សម្រាប់ស្ត្រី៖ មិនលើសពី 1 កែវក្នុងមួយថ្ងៃ
- សម្រាប់បុរស៖ មិនលើសពី 2 កែវក្នុងមួយថ្ងៃ
✅ តើមានអ្វីកើតឡើងបន្ទាប់ពីគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)?
មនុស្សមួយចំនួនបានជាសះស្បើយពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលដោយគ្មានបញ្ហារយៈពេលវែង ឬធ្ងន់ធ្ងរ។
មនុស្សជាច្រើនអាចបាត់បង់មុខងារសំខាន់ៗរបស់ខួរក្បាល ឧទាហរណ៍ ពួកគេមិនអាចនិយាយបាន ធ្វើអ្វីៗបានដោយខ្លួនឯង ឬធ្វើចលនាផ្នែកម្ខាងនៃរាងកាយបាន។
ប៉ុន្តែគ្រូពេទ្យជំនាញផ្នែកចលនា អាចជួយអ្នកដោះស្រាយបញ្ហាទាំងនេះបាន។
បន្ទាប់ពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អ្នកជំងឺក៏ងាយប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀតដែរដូចជា បញ្ហាបេះដូង ដំបៅលើគ្រែ ឬការឆ្លងមេរោគសួតជាដើម៕
Angkor Sante Hospital
Your Choice Your Health