14/04/2026
ហេតុអ្វីកបិលមហាព្រហ្មចិត្តចង្អៀតចង្អល់ម្ល៉េះ គ្រាន់តែលឺថា
ធម្មបាលកុមារ មានចំណេះដឹង និងប្រាជ្ញាខ្លាំងពូកែ
ក៏កើតចិត្តចង់ឈ្នះចាញ់ គ្រាន់តែដោះប្រាស្នាសោះ
ភ្នាល់គ្នាដាក់ជីវិត កាត់ក្បាល សាហាវជាងពួកក្មេងស្ទាវបង្ហោះម៉ូតូ
ទៀត។ តែតាមការពិតរឿងកបិលមហាព្រហ្មនេះគ្រាន់តែជារឿង
ប្រឌិតដែលដូនតាខ្មែរយើង និពន្ធជាបែបកំសាន្ត និងអប់រំតែប៉ុណ្ណោះ
»ក្បាលកបិលមហាព្រហ្មគេចង់សំដៅទៅលើព្រហ្មវិហារធម៌ទាំង ៤
មាន «មេត្តា ករុណា មុទិតា និងឧបេក្ខា» ចំណែកកូនទាំង ៧នាក់
គេចង់សំដៅលើអ្នកដឹកនាំផ្សេងៗគ្នា ដែលមានវេនមានអាណត្តិ
ដើម្បីដឹកនាំប្រទេស។ ទេពធីតាទាំងអស់ពេលដល់វេនខ្លួនដឹកនាំ
ត្រូវរក្សាក្បាលកបិលមហាព្រហ្មអោយបានគង់វង្ស
ព្រោះក្បាលកបិលមហាព្រហ្មមិនអាចទុកចោលបានទេសូម្បីបន្តិច
ដាក់ចោលលើដីរលាយផែនដី បោះលើអាកាសឆេះរលាយអាកាស
បោះក្នុងសមុទ្ររីងទឹកសមុទ្រ។ ត្រង់នេះគេចង់បញ្ជាក់ថា គ្រប់អ្នកដឹក
នាំទាំងអស់ពេលឡើងកាន់ការងារប្រទេសជាតិ ត្រូវប្រកាន់ខ្ជាប់
ព្រហ្មវិហារធម្មទាំង ៤
-មេត្តា» សេចក្ដីរាប់រក, សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឲ្យអ្នកដទៃបានសេចក្ដីសុខ-ចម្រើនដូចខ្លួនដែរ។
-ករុណា»សេចក្តីអាណិតអាសូរ ការសណ្តោសប្រណី។
-មុទិតា» ការសប្បាយរីករាយ ពេញចិត្ត មានក្តីសុខ ពេលឃើញអ្នកដ៏ទៃមានក្តីសុខ។
-ឧបេក្ខា» ការតាំងចិត្តជាកណ្តាល មិនលំអៀងដោយអគតិ ៤យ៉ាង មិនលំអៀងដោយស្អប់ មិនលំអៀងដោយស្រលាញ់ មិនលំអៀងដោយខ្លាច មិនលំអៀងដោយល្ងង់ខ្លៅ។
ព្រហ្មវិហារធម្មទាំង ៤នេះចាំបាច់ណាស់មេដឹកនាំនានាត្រូវដាក់
ជើងពានថែក្សាអោបជាប់នឹងខ្លួនជានិច្ច បើមេដឹកនាំណា
ទុកក្បាលកបិលមហាព្រហ្ម ឬព្រហ្មវិហារធម៌នេះចោល
នោះមហាសមុទ្រ ផែនដី អាកាសវេហ៌ា ដែលគេចង់ប្រៀបធៀប
ទៅនឹងប្រទេសជាតិ ប្រជាពលរដ្ឋ ឬស្ថាប័ណ្ណផ្សេងៗដែលមាន
មេដឹកនាំដែលគ្មានព្រហ្មវិហារធម៌នោះនឹងរលាយ៕
រីករាយឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូន
ប្រជាពលរដ្ឋខ្មែរ និងគ្រប់បរទេសជាតិសាសន៍ផ្សេងទៀតផងដែរ
ជួបសុខអោយច្រើន ទុក្ខតិច(ព្រោះជីវិតបើគ្មានទុក្ខទាល់តែសោះគឺវា
មិនអាចនោះទេ) មានសុភមង្គល ក្តីសុខ និងរីកចម្រើនរហូតទៅ!!!